តារាចម្រៀងចំនួន៧ដួង ដែលទើបនឹងរះនៅក្នុងពិភពសិល្បៈ ឥឡូវនេះកំពុងបញ្ចេញទឹកដមសំនៀង និងទេពកោសល្យរបស់ខ្លួន ដើម្បីបង្ហាញសាធារណជនតាមរយៈការចេញអាល់ប៊ូមបទចម្រៀងថ្មីនៅផលិតកម្មDiamond Music។
Diamond Music មានតារាចម្រៀងចំនួន៧ដួង គឺ កញ្ញា រ៉េត រ៉ាដា លោក Eno លោក ជេស្ដា កញ្ញា ម៉ូសា កញ្ញា លីនី លោក គីតូ និងលោក សូលីដូ។ ពួកគេកំពុងបញ្ចេញទេពកោសល្យ និងទឹកដមសំនៀងរៀងៗខ្លួន បង្កើតបានជាអាល់ប៊ូមថ្មីចំនួន២ ហើយកេរ្តិ៍ឈ្មោះរបស់គេក៏ត្រូវបានមហាជនស្គាល់ជាបណ្ដើរៗហើយដែរ។
កញ្ញា រ៉េត រ៉ាដា តារាចម្រៀងមួយរូបរបស់ផលិតកម្ម Diamond Music បាននិយាយថា មុនចូលច្រៀងនៅក្នុងផលិតកម្មនេះកញ្ញាធ្លាប់ប្រឡងជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងកម្មវិធីពានតារាឆ្នាំ២០០៨ ប្រចាំស្ថានីយទូរទស្សន៍CTN។
បន្ទាប់មកនាងត្រូវបានផលិតកម្មក្នុងស្រុកមួយចំនួនហៅឲ្យចូលច្រៀងដោយពុំមានការចុះកុងត្រាច្រៀងអ្វីឡើយ។ ទើបមកដល់ដើមឆ្នាំ២០១២ នេះកញ្ញាសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្ម Diamond Music ដោយបានច្រៀងបទចម្រៀងចំនួន២បទក្នុងអាល់ប៊ុមទីពីរ គឺបទ”ជូតទឹកភ្នែក” និងបទ “ដឹងខ្លួនគឺបងសុំចប់”។
នាងបានបន្តថា “បទចម្រៀងរបស់ខ្ញុំទាំងពីរបទទើបតែបានចេញក្នុងវ៉ុលទីពីរនេះទេ ហើយបទដែលខ្ញុំពិបាកច្រៀងជាងគេ គឺបទ “ដឹងខ្លួនគឺបងសុំចប់” ព្រោះបទនេះជាចង្វាក់មនោសញ្ចេតនាយឺតៗ”។
នាងបានពោលថា ភាពលំបាកក្នុងការច្រៀងបទចម្រៀង គឺមិនមែនជាបញ្ហាចោទសម្រាប់នាងនោះទេ ព្រោះមុនចូលច្រៀងក្នុងផលិតកម្មនេះ កញ្ញាធ្លាប់មានបទពិសោធន៍ច្រៀងនៅក្នុងកម្មវិធីជាច្រើនរួចមកហើយ។
ចំណែកលោក Eno តារាចម្រៀងប្រុសប្រចាំផលិតកម្ម Diamond Music ម្នាក់ដែរបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា នេះគឺជាកិត្តិយស និងមោទនភាពសម្រាប់រូបលោកដែលផលិតកម្មទទួលយកលោកជាតារាចម្រៀងសំខាន់មួយរូបប្រចាំផលិតកម្ម។
លោកបន្តថា “ថ្ងៃអនាគតផលិតកម្មនឹងមានកេរ្តិ៍ឈ្មោះនៅទូទាំងប្រទេស ហើយខ្ញុំដែលជាតារាចម្រៀងប្រចាំផលិតកម្មអាចនឹងមានភាពល្បីល្បាញទៅតាមនោះដែរ”។ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះលោកច្រៀងបានចំនួន៩បទហើយ។
អ្នកនាង សឿន សុខលីន អ្នកចាត់ការទូទៅរបស់ផលិតកម្ម Diamond Music បានមានប្រសាសន៍ថា Diamond Music គឺជាផលិតកម្មថ្មីមួយ ប៉ុន្តែមានគោលការណ៍អនុវត្តន៍ច្បាស់លាស់ ដោយផ្អែកលើធនធានមនុស្ស ជាពិសេសចំណេះដឹង និងទេពកោសល្យរបស់តារាចម្រៀងនៅក្នុងផលិតកម្មទាំង៧រូប។
អ្នកនាងបញ្ជាក់ថា យោងតាមគោលការណ៍យុទ្ធសាស្ត្ររបស់ចាងហ្វាងផលិតកម្ម គឺចំណាយពេលមិនឲ្យលើសពីមួយឆ្នាំទេក្នុងការតាមទាន់ និងមានការប្រកួតប្រជែងខ្លាំងចំពោះបទចម្រៀងពិរោះៗនៅលើទីផ្សារ និងកេរ្តិ៍ឈ្មោះនៅក្នុងពិភពសិល្បៈជាមួយផលិតកម្មធំៗ។ “បទចម្រៀងយើងភាគច្រើនគឺចាប់យកការគាំទ្រមិត្តយុវវ័យ”។ ដើម្បីចូលរួមថែរក្សានូវបទចម្រៀងចាស់ៗជំនាន់ដើមបាត់សាបសូន្យនោះ នៅជំហានទី២ ពោលអាល់ប៊ូមបន្តបន្ទាប់ទៀត ផលិតកម្មនឹងលើកយកបទចម្រៀងដែលជាស្នាដៃនិពន្ធ និងច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉នជាដើមមកច្រៀង។
Diamond Music ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ដែលមានចាងហ្វាងផលិតកម្មលោក ហឿង គង្គាសម្បត្ដិ។ ផលិតកម្មនេះមានគោលបំណងបម្រើអារម្មណ៍ដល់ប្រិយមិត្ត អ្នកស្ដាប់ទូទៅ និងចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈឲ្យមានភាពរីកចម្រើនឡើង។
រហូតមកដល់ពេលនេះ ផលិតកម្មបានចេញអាល់ប៊ូមបទចម្រៀងចំនួនពីរ និងបានដាក់លក់នៅលើទីផ្សារបានចំនួន២០០០ស៊ីឌី។ លទ្ធផលនៃការលក់ក្នុងរយៈពេលខ្លីមកនេះបានបង្ហាញថា មានការគាំទ្រច្រើនពីប្រិយមិត្ដអ្នកស្ដាប់ ជាពិសេសមិត្តយុវវ័យ៕
0 comments:
Post a Comment